Header Ads

test

ទៀតហើយ! រថយន្តដឹកដីធុនធំ បុកម៉ូតូសង់កិនយុវជនម្នាក់ស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងខណ្ឌដង្កោ!

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយទៀតហើយបានកើតឡើង ខណៈដែលយុវជន២នាក់ ជិះម៉ូតូសង់ជិះវ៉ាជែងតាមដងផ្លូវ ត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ ធុនធំ ដឹកដីមួយគ្រឿងបើកស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់បុកពីក្រោយពេញទំហឹង និងកិនចំយុវជនម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង២០នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៣ ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា សារួន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស និងអ្នករបួសធ្ងន់ម្នាក់ទៀតមានឈ្មោះ គឹម ម៉ៅ អាយុ២៣ឆ្នាំ ។ ទាំង២នាក់ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4228 តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏វ៉ាជែងរថយន្តខាងមុខ ស្របពេលនោះ ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ យីឌុបដឹកដី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 បើកបរក្នុងល្បឿនលឿនស្របទិសគ្នា ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះ និងកិនអូសយុវជនម្នាក់ជាង២០ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែងកើតហេតុ។ ចំណែកយុវជនម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មណ្ឌលសុខភាពពងទឹក ដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង ដល់កន្លែងកើតហេតុ និងបាននាំយករថយន្តបង្ក រួមទាំងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕





No comments